ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើន ប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធ នឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជា កម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាល កម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈម នាពេលអនាគតនឹងជំរុញឱ្យមាន វិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។

ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ហេង សួរ ក៏បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “មូលធនមនុស្ស៖ គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ” “Human Capital: Key to Trade and Infrastructure Development” ដោយមានការចូលរួម ពីបណ្តាធុរជន ក្រុមហ៊ុនជាតិ និងអន្តរជាតិ ផងដែរ។

តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់បន្ថែមពី តួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕

To Top