ភ្នំពេញ៖ របាំព្រះរាជទ្រព្យរបស់ខ្មែរ ត្រូវបានបង្ហាញការសម្តែងជាថ្មីម្តងទៀត នៅសាធារណរដ្ឋបារាំងចំនួន៣ទីតាំងផ្សេងគ្នា ចាប់ពីថ្ងៃ៨-៩ មីនា ។
នៅថ្ងៃទី៨-៩ មីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly – Jacques Chirac ទីក្រុងប៉ារីស។ កម្មវិធីសម្តែងពីរផ្សេងទៀតគ្រោងនឹងធ្វើនៅតាមតំបន់មួយចំនួននៃសាធារណរដ្ឋបារាំង ដូចជានៅ Opéra National de Bordeaux និងនៅ Cité musicale-Metz ។
ការសម្តែងជាពិសេសនៅលើទឹកដីបារាំងនេះ ត្រូវបានដឹកនាំដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលចេញដំណើរពីកម្ពុជាកាលពីថ្ងៃ៦ មីនា ក្រោមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងក្រោមគោលការណ៍គាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ៕



