ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា ជាទីតាំងគួរពិចារណាក្នុងការដាក់ទុនវិនិយោគ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះនាឱកាសអញ្ជើញផ្តល់កិត្តិយសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយសចូលរួមក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់(Panel Discussion) ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ» (Driving Prosperity Through Trade and Investment) ដែលជារបៀបវារៈមួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដោយបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៦ មីនា។

ថ្លែងក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈវេទិកានៃការពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថាធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែលបានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ៕

To Top