ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ការធ្វើកិច្ចពិធីបូជាព្រះសិវលិង្គ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រដែលត្រូវធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍នៅកម្ពុជានោះទេ ហើយក៏មិននាំមកនូវសិរីមង្គលដល់គូស្វាមីភរិយាថ្មីដែរ។
ការលើកឡើងរបស់ក្រសួងវប្បធម៌នេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ដែលនេះក្រសួងអះអាងថា បានប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
បើតាមក្រសួងវប្បធម៌ ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ។
ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូ ស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុកភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើងក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។
ប៉ុន្តែកិច្ចពិធីបូជាព្រះសិវលិង្គនេះក្រសួងគូសបញ្ជាក់ថា “ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ” ។
ចំពោះករណីនេះ ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ កុំបន្តយកកិច្ចពិធីនេះមកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ៕



