ភ្នំពេញ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានបង្ហាញចំណាប់អារម្មណ៍ អញ្ជើញចូលទស្សនា ពន្លារបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

យោងតាមបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិព័រណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។ ក្នុងនោះលោករដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ និងលោកប្រធានអាជ្ញាធរទេសចរណ៍ថៃ ក៏អញ្ជើញមកទស្សនាការ សម្តែងសិល្បៈបង្ហាញពីវប្បធម៌ដ៏ល្អឯករបស់កម្ពុជា នៅពន្លារបស់ក្រសួងទេសចរណ៍កម្ពុជាផងដែរ៕

