ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្ងើចសរសើរ និងថ្លែងអំណរគុណនូវតួនាទីដ៏សំខាន់របស់មន្ត្រីរាជការស៊ីវិលជានារី នគរបាលជាតិជានារី និងនារីជាភរិយានៃថ្នាក់ដឹកនាំ បានដើរតួនាទីក្នុងភាពជាម្តាយ ជាភរិយា ជាអ្នកដឹកនាំ អប់រំ និងថែទាំគ្រួសារ ដើម្បីគ្រួសារមួយពោរពេញទៅដោយក្តីស្រឡាញ់ និងបរិយាកាសរីករាយកក់ក្តៅផងដែរ។
នេះបើយោងតាមសារលិខិតរបស់ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាព អង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើសមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅតែជា អភិក្រមដ៏សំខាន់ និងចាំបាច់ក្នុងក្របខណ្ឌអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។
តាមរយៈសារលិខិតដដែល លោក ឧបនាយករដ្ឋមន្ដ្រី បានទទួលស្គាល់ថា ស្ត្រីពិតជាមានគុណតម្លៃ និងសក្តានុពល ដូចនេះ ឯកឧត្តម សូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការ ចូលរួម ការងារគ្រប់គ្រង ដឹកនាំ និងការអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនៅក្នុងក្រសួង ស្ថាប័ន ដោយការ ពុះពារអនុវត្តការងារ លះបង់ អស់កម្លាំងកាយ កម្លាំងចិត្ត តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ហើយសម្រេចបាននូវស្នាដៃជាច្រើនក្នុង បេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា។
លោក ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ក្នុងនាម ខ្ញុំជាកូនប្រុសម្នាក់ ជាស្វាមី និងជាឪពុក ខ្ញុំសូមស្ងើចសរសើរ និងថ្លែងអំណរគុណនូវតួនាទីដ៏សំខាន់មួយទៀត របស់មន្ត្រីរាជការស៊ីវិលជានារី នគរបាលជាតិជានារី និងនារីជាភរិយានៃថ្នាក់ដឹកនាំ ដែលបានដើរតួនាទីក្នុងភាពជាម្តាយ ជាភរិយា ជាអ្នកដឹកនាំ អប់រំ និងថែទាំគ្រួសារ ដើម្បីគ្រួសារមួយពោរពេញទៅដោយ ក្តីស្រឡាញ់ បរិយាកាសរីករាយកក់ក្តៅ សុភមង្គល និងភាពរីកចម្រើនរុងរឿងនៃគ្រួសារ ព្រមទាំងបានបង្ក ឱកាសជាវិជ្ជមានជូនដល់ស្វាមីក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ»៕
