ភ្នំពេញ៖ កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។
ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅកន្លែងបំពេញការងារ ពួកគាត់ទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនដល់ពួកគាត់ដោយស្មើភាពភាពគ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។
កម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា បានបញ្ជាក់បន្ថែមថា ស្ត្រីអាចធ្វើកិច្ចការបានជាច្រើន ទាំងការប្រកបរបររកស៊ី មើលថែរនិងជួយគ្រួសារ មិនខ្លាចហត់នឿយ ស្ត្រីជាឆ្អឹងខ្នងសម្រាប់គ្រប់កិច្ចការទាំងក្នុងនិងក្រៅផ្ទះ ពោលគឺស្ត្រីអាចធ្វើបានគ្រប់កិច្ចការយ៉ាងចំណាន រួមចំណែកជួយគ្រួសារ និងសង្គមជាតិ។
ពិសេសជាងនេះទៀត ពួកគាត់ពិតជាសប្បាយចិត្ត ដែលមានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែគិតគូរយកចិត្តទុកដាក់លើកកម្ពស់ដល់ស្ត្រី ផ្ដល់សិទ្ធិសមភាព អាទិភាព គិតគូរអំពីសុខទុក្ខ ពិសេសតែងមានគោលការណ៍ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កិច្ចការរបស់ស្ត្រីជានិច្ច។ ជាមួយគ្នានេះដែរ កម្មការិនីក្នុងវិស័យកាត់ដេរ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប អាចប្រកបកិច្ចការងារផ្សេងៗដោយសិទ្ធិសេរីពេញលេញក្នុងសង្គម។
សូមជម្រាបផងដែរថា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ខួបទី ១១៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀងអបអរសាទររួមគ្នាយ៉ាងសប្បាយរីករាយ ស្និទ្ធិស្នាល សុខដុមរមនា សាមគ្គីភាព នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ក្នុងនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ស្ត្រីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ។ ស្ត្រីកម្ពុជាមិនមែននៅតែផ្ទះ ចាំតែធ្វើកិច្ចការផ្ទះ ចាំតែមើលថែកូន និងចាំតែ ប្រាក់ចំណូលពីស្វាមីនោះទេ។ ប្អូនៗ និងក្មួយៗស្ត្រី ដែលមិនទាន់មានគ្រួសារក៏ដោយ ក៏មិនមែននៅផ្ទះចាំឪពុកម្តាយ និងចាំបងប្អូនចិញ្ចឹមទំនុកបម្រុងនោះទេ។ ផ្ទុយទៅវិញ ប្អូនៗ និងក្មួយៗទាំងអស់គ្នាសុទ្ធតែបានមកធ្វើការផង និងផ្ញើប្រាក់ឧបត្ថម្ភដល់ឪពុកម្ដាយ កូនៗ និងប្អូនៗឱ្យបានចូលរួមរៀនសូត ផងដែរ។ ស្ត្រីកម្ពុជានៅពេលនេះ មិនមែនដូចពាក្យបុរាណពោលថា ”ស្ត្រីបង្វិលជើងក្រាន មិនជុំ” នោះទេ ពីព្រោះជាក់ស្តែង យើងមានតួរលេខ ដែលបង្ហាញយ៉ាងច្បាស់ថាស្ត្រី ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រាកដមែន ៕










