ភ្នំពេញ៖ ថ្លែងក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរ ខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ថា កីឡាមានតួនាទីសំខាន់ ក្នុងការរួមចំណែក ដល់ពង្រឹងពង្រីកទំនាក់ទំនង រវាងកម្ពុជា-ថៃ ធ្វើឱ្យប្រជាជនយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាង ខណៈដែលកាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍ ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងហើយ រវាងកីឡាករបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានរៀបចំ ឡេីង ដោយរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានលើកឡើងថា កីឡាមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែក ក្នុងការពង្រឹងពង្រីកទំនាក់ទំនង រវាងកម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។

បន្ថែមលេីនេះ លោករដ្ឋមន្ត្រី បានរំលឹកកាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍ ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងរួចមកហើយ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃដែរ ហើយគោលបំណងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរដូចគ្នាដែរ។

ក្នុងឱកាសថ្លែង ស្វាគមន៍ បេីកកម្មវិធីខាងលេីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ បានរួមចំណែកបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ ឱ្យកាន់តែប្រសិទ្ធភាព និងប្រកបដោយផ្លែផ្ការ ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានតម្លើងពីកម្រិតទ្វេភាគី រហូតដល់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០២៤ ។ ក្រោមការពូនជ្រុំថែទាំយ៉ាងដិតដល់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ទំនាក់ទំនងជាប្រពៃណី រវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីក ព្រមទាំងបាននាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំពីរ ក្នុងន័យស្មើសិទ្ធិ ស្មើភាព និងឧបត្ថម្ភគាំទ្រជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌប្រទេស និងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការពង្រឹងពង្រីក ទំនាក់ទំនងការទូតទ្វេភាគី ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព ។

ជាមួយគ្នានេះ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងថា ព្រឹត្តិការណ៍ក្នុងឱកាសនេះ បានបឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាព ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ទៀងថា រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សម្រាប់ប្រជាជនកម្ពុជា-ថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ៕





