កំពង់ធំ: នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដោយមានសំណូមពរ ពីប្រជាពលរដ្ឋ ដែលមានជំងឺ និងមានជីវភាពលំបាកខ្វះខាត ចំនួន ១៥០គ្រួសារ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ។ ក្រុមគ្រូពេទ្យនៃគ្រឹស្ទបរិស័ទកម្ពុជា (១/ ពួកជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ ២/ និងក្រុមព័ន្ធកិច្ចព្រះពរ) រួមសហការជាមួយក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅពិនិត្យព្យាបាលជំងឺនិង ផ្ដល់ថ្នាំពេទ្យព្រមទាំងវ៉ែនតា ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្រ្តាន់ ខេត្តកំពង់ធំ។

លោក លន់ យេន មេឃុំដងកាំបិត ស្រុកសណ្តាន់ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានរាយការណ៍អំពីស្ថានភាព សុខភាពរបស់ប្រជាពលរដ្ឋ ដែលមួយចំនួនមានវ័យចាស់ជរា ហើយសុខភាព ទ្រុឌទ្រោម មានជំងឺប្រចាំកាយ ហើយមួយចំនួនទៀត មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដូច្នេះហើយបងប្អូន ប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ បាន ស្នើសុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំ ដើម្បីជួយក្នុងការព្យាបាលជំងឺ និង ការណែនាំអំពីបញ្ហាសុខភាព ជូនពួកគាត់។

លោក សឿន សុីហុក តំណាងក្រុមជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ និងលោកវេជ្ជបណ្ឌិត នង ណុប តំណាងក្រុមព័ន្ធកិច្ចព្រះពរ នៃគ្រឹះស្ទបរិស័ទកម្ពុជា បានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យរបស់គ្រឹះស្ទបរិស័ទកម្ពុជា ជួយពិនិត្យព្យាបាលជំងឺព្រមទាំងផ្ដល់ជូនថ្នាំពេទ្យ និងវ៉ែនតា ជូនកងទ័ព និងប្រជាពលរដ្ឋបានជាច្រើនកន្លែងមកហើយ ដើម្បីសម្រាលដល់ការលំបាករបស់ប្រជាជន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល ក៏ដូចជាសុខមាលភាពរបស់ប្រជាជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតអញ្ជើញមកព្យាបាលជំងឺទាំងចំនួន ១៥០នាក់ សូមថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការព័ន្ធកិច្ច ព្រះពរគ្រឹះស្ទបរិស័ទកម្ពុជា ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន តាមសំណូមពររបស់ប្រជាជន និងអាជ្ញាធរដែនដី រួមជាមួយនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដើម្បីជួយដោះស្រាយសម្រាលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលមានជំងឺ ព្រមទាំងមានជីវភាពលំបាកខ្វះខាត ហើយមួយផ្នែកទៀត បងប្អូនប្រជាពលរដ្ឋយើង នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានចម្ងាយផ្លូវឆ្ងាយ ក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុក ឬមន្ទីរពេទ្យបង្អែកខេត្តផងដែរ ៕ ដោយសំនៀង

