ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំសមត្ថកិច្ច មិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនឆ្លងកាត់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំសមត្ថកិច្ច មិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ កំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នៅពេលមានក្បួនឆ្លងកាត់នោះឡើយ។

សម្ដេច បន្ដថា ពោលត្រូវរៀបចំធ្វើយ៉ាងណាឱ្យរថយន្ដសង្គ្រោះបន្ទាន់ បន្ដដំណើរជាធម្មតា។

ការលើកឡើងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយមានវីដេអូ ដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម សមត្ថកិច្ចបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់។

តាមរយៈសារសំឡេង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ឯកឧត្តម ស ថេត ឯកឧត្តម ជួន ណារិន្ទ ទាក់ទងទៅនឹងការរៀបចំសណ្ដាប់ធ្នាប់ចរារចរណ៍នៅពេលមានក្បួន VIP ឆ្លងកាត់ ខ្ញុំ ធ្លាប់បានណែនាំជាច្រើនហើយធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ខ្លាំងលំហូរនៃចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ក្នុងករណីមានថ្នាក់ដឹកនាំឆ្លង់កាត់រួមទាំងរូបខ្ញុំផង ធ្វើយ៉ាងកាត់បន្ថយនៃពេលវេលា នៅក្នុងការបិទផ្លូវ នៅពេលខ្លះមិនបិទផ្លូវទាំងអស់ដែរ ទុកច្រកឱ្យបងប្អូនដើរ ជិះធ្វើដំណើរបន្ដ»។

សម្ដេចបវរធិបតី បន្ដថា ទន្ទឹងនឹងការអនុញ្ញាតឱ្យរថយន្ដសង្គ្រោះបន្ទាន់ឆ្លងកាត់នៅពេលមានក្បួនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនោះ សមត្ថកិច្ច នៅគោលដៅនោះ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា ក្នុងរថយន្ដសង្គ្រោះបន្ទាន់នោះ មានអ្នកដែលត្រូវសង្គ្រោះមែនឬយ៉ាងណា? ព្រោះខ្លាចមានការលួចបន្លំប្រើប្រាស់រថយន្ដសង្គ្រោះ ដើម្បីធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានណែនាំថា នៅពេលបិទចរាចរណ៍ថ្នាក់ដឹកនាំឆ្លងកាត់រួចរាល់ហើយនោះ សមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ត្រូវសម្រួលដល់ប្រជាពលរដ្ឋទូទៅកុំឲ្យនៅកកស្ទះយូរពេក ព្រោះទាំងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសុទ្ធតែមានធុរៈរៀងៗខ្លួន។ លើសពីនេះ នៅពេលបិទក្បូនថ្នាក់ដឹកនាំ មិនគួរគម្បីបិទយូរពេកនោះទេ ពោលមុនក្បួនបន្ដិច ហើយក្បួនឆ្លងកាត់រួច ត្រូវបើកដំណើរការឡើងវិញ។

តាមរយៈសារតេឡេក្រាម នៅថ្ងៃដដែល សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ បានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។

លើសពីនេះ សម្ដេច ក៏បានកោតសរសើរចំពោះ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។ សម្ដេច ថា «ខ្លួនខ្ញុំ ក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទី ក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន»។

ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

សម្ដេច នាយករដ្ឋមន្ដ្រី ក៏សូមការយោគយល់អំពីប្រជាពលរដ្ឋ ដែលទោះបីជាសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ៕

To Top