ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងជាថ្មី ពីការប្រកាន់ខ្ជាប់ នូវគោលនយោបាយ ការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍ នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបេីយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ។

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹង គោលនយោបាយ ការបរទេសបុរេសកម្ម និងការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមាន ឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឯកភាពជាតិ ក៏ដូចជាការរីក ចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងជាថ្មី ពីការប្រកាន់ខ្ជាប់ នូវគោលនយោបាយ ការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែក លើគោលការណ៍ នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផលប្រយោជន៍ស្នូលរបស់ជាតិ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន ៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ដូចជា ៖
ទី១-ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នា ទៅវិញទៅមក ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
ទី២-ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួម យ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។
ទី៣- ការពង្រឹងមជ្ឈភាព របស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់ អាស៊ាន ក្នុងការរក្សាស្ថិរភាព ក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការរួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួម របស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។
ទី៤- ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់ព្រះរាជាណាចក្រ កម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនយោគ ពីបរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិ បេតិកភណ្ឌវប្បធម៌របស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកិត្តិនាមរបស់ប្រទេស។
ទី៥-ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។
និងទី៦- ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា ៕
