ព័ត៌មានជាតិ

ទោះមានភ្លៀង និងខ្យល់ក្ដី ក៏ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស នៅតែដើរកំសាន្ត លើផ្លូវថ្មើរជើងច្រើនដដែល

ភ្នំពេញ៖​ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលជាសប្តាហ៍ទី១​ នៃខែនេះ​ រដ្ឋ​បាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) គ៏ដូចជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍ និងបណ្ណាល័យចល័តជាដើម នៅផ្លូវថ្មើរជើង (Walk Street) ដើម្បីបម្រើដល់ការកំសាន្តសប្បាយ របស់ភ្ញៀវទេសចរជាតិនិងអន្តជាតិ បើទោះជាមានភ្លៀង ខ្យល់យ៉ាងណាក្ដី ក៏គេឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស នៅតែទៅដើរកំសាន្ត នៅលើផ្លូវថ្មើរជើងជាច្រើនដដែល ។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅផ្លូវថ្មើជើង Walk Street មាត់ទន្លេ ត្រូវបានរៀបចំបន្ថែមជាបន្តបន្ទាប់ ទាំងការតាំងលក់ វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, របាំប្រពៃណី,រៀបចំជាបណ្ណាល័យចល័ត,សៀករហ័សកម្មជាដើម ដើម្បីបង្កើននូវភាពសប្បាយរីករាយ ឱ្យប្រជាពលរដ្ឋនាចុងសប្តាហ៍។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី អ្នកនាំពាក្យ ក៏បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកដើរលេងកំសាន្តសប្បាយទាំងអស់គ្នា ក្រោមម្លប់នៃសន្តិភាព។

លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ដែរថា ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះតែកើនឡើងជាលំដាប់។ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពរ របស់ប្រជាពលរដ្ឋ ក៏បានកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ រហូតដល់ម៉ោង ១១:០០នាទីយប់ថែមទៀត។

គិតត្រឹមថ្ងៃទី៩មីនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែនិង១សប្ដាហ៍ហើយ តែចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ​ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

To Top