ព័ត៌មានជាតិ

តុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនលោកទិត វុទ្ធី អភិបាលរងខេត្តព្រមទាំងមនុស្សពីរនាក់ ពាក់ព័ន្ឋបោកលុយអ្នកវិនិយោគជនជាតិចិន

កំពង់ស្ពឺ៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស ២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន ៤០ម៉ឺនដុល្លារ។

ជនជាប់ចោទទាំង បីនាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ បើតាមសេចក្តីរាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអំពិល ទទួលបានព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេចក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺតាំងពីអំឡុងឆ្នាំ២០២៣មកម្លេះ។

ជនជាប់ចោទទាំងបីនាក់ ត្រូវអយ្យកាអមសាលាដំបូងខេត្តកុះពង់ស្ពឺសម្រេចចោទប្រកាន់ ១. ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ  (ឃាត់ខ្លួន), ២, ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

៣.ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ក្រោយការចាប់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ពួកគេទាំងបីនាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្តងកាលពីរសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០២៥៕


ដោយ៖ សុខសុភ័ណ្ឌ/រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top