
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំដាក់សៀវភៅ នៅទីតាំងផ្លូវថ្មើរជើង (Walk street) សម្រាប់ឱ្យកុមារ និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំណេះដឹង ព្រោះថា ការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់។
នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មានតែចំណេះវិជ្ជាទេ អាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ក៏បានកោតសរសើរគំនិតផ្តួចផ្តើម «ទេសចរណ៍អំណាន» របស់លោក អ៊ុក វណ្ណដេ បានបំផុសផ្នត់គំនិតស្រឡាញ់ការអានសៀវភៅ នៅតាមទីសាធារណៈ។
ទេសចរណ៍អំណាន នេះដែរ សម្តេចបវរធិបតី ក៏បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេតត្ត រៀបចំជាជ្រុង នៃអំណាន ឬទីតាំងសម្រាប់អានសៀវភៅ នៅតាមសួនច្បារ និងតាមទីប្រជុំជន ជាដើម។
សម្តេចបវរធិបតី មានប្រសាសន៍ថា «មិនចាំបាច់ទាល់តែប្អូន អុក វាន់ដេ ទៅដល់ទេ ហើយចប់ពីហ្នឹងស្ងាត់ឈឹងទេ។ យើងបង្កើតមួយខ្លួនឯង ទិវា ឬកន្លែងណាមួយ។ សៀវភៅអត់ខ្វះទេ ខ្ញុំថាមិនពិបាកទេ សៀវភៅ១ពាន់ក្បាល ដាក់សម្រាប់អានចុងសប្តាហ៍ ឬមួយយ៉ាងណា? នៅរាជធានីភ្នំពេញដូចគ្នា បើថាចាំបាច់ ផ្លូវដើរ (Walk street) ហ្នឹង កន្លែងណាដាក់ជ្រុងនៃអំណានទៅ»។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធទិវាជាតិអំណាន លើកទី១០ ១១ មីនា ២០២៥ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម» ដែលផ្ដោតលើសារៈសំខាន់ នៃការអានតាមគ្រប់មធ្យោបាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
អ្នកដែលអានច្រើនធ្វើឱ្យមានការ យល់ដឹងទូលំទូលាយជាសកល មានចំណេះដឹងយល់ អស់អាថ៌កំបាំង ធម្មជាតិ និងសង្គមមនុស្ស។ ការអានច្រើន ធ្វើឱ្យមានតំណភ្ជាប់ជាលំអានរបស់ មនុស្សពីសម័យកាលមួយទៅសម័យកាលមួយ មានសុខដុមនីយកម្មក្នុងសង្គម ដោយសារ បទពិសោធន៍មនុស្សពីមួយជំនាន់ទៅមួយជំនាន់ និងមានសមត្ថភាពឆ្លុះបញ្ចាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាល៕
