ព័ត៌មានជាតិ

សម្តេចធិបតី៖ កៅអីរាជរដ្ឋាភិបាលជាកៅអីក្តៅ សម្រាប់ដោះស្រាយបញ្ហា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នាព្រឹកថ្ងៃ១១ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កៅអីរាជរដ្ឋាភិបាល ដែលសម្តេចអង្គុយរាល់ថ្ងៃជាកៅអីសម្រាប់ដោះស្រាយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។

ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីសម្តេចបានសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែ ភ្ជាប់បញ្ហាផ្សេងមកកាន់សម្តេចផ្ទាល់ អំពីករណីណាមួយដោយស្រែកមកថា “តើនៅដល់ណាទៀត ត្រូវក្រោកឈរឡើង” ។ ន័យនេះពួកគេឲ្យពលរដ្ឋងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល។
ប៉ុន្តែចំណុចនេះ សម្តេចធិបតីបន្ទរទៅអតីតមេបក្សប្រឆាំង និងគូកនវិញថា គឺមានតែ៥ឆ្នាំម្តងទេ ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាក្រោកឈរឡើង ដើម្បីទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត ។ ជាក់ស្តែងកាលពីបោះឆ្នោតឆ្នាំ២០២៣ មានពលរដ្ឋទៅបោះឆ្នោតជាង ៨០ភាគរយ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្ថែមថា នៅប្រទេសប្រជាធិបតេយ្យ គ្មានប្រទេសណាមួយបោះឆ្នោតរួចហើយ មួយឆ្នាំក្រោយនាំគ្នាទៅបោះឆ្នោត ទម្លាក់រាជរដ្ឋាភិបាលនោះទេ គឺមានតែទុកពេលវេលាឲ្យ រាជរដ្ឋាភិបាលធ្វើការអភិបាលអភិវឌ្ឍប្រទេស ។

បន្ថែមពីលើនេះទៀត សម្តេចធិបតីអះអាងទៀតថា “គ្មានរដ្ឋាភិបាលនៅក្នុងពិភពលោក មិនប្រឈមនឹងបញ្ហាទេ ជឿចុះ កៅអីនេះគឺជាកៅដោះស្រាយបញ្ហា ។ កៅអីនេះគឺជាកៅអីក្តៅ ។ ជួបឯកឧត្តមថោង លន់ គាត់ជាប្រធានរដ្ឋឡាវ កាលគាត់នៅជានាយករដ្ឋមន្រ្តី គាត់ថា ពេលដែលគាត់នៅជានាយករដ្ឋមន្រ្តីគាត់យល់ពីកៅអីក្តៅ”។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីអត្ថន័យនៃកៅអីក្តៅថា គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតប ទៅនឹងសំណូមពរនានារបស់ពលរដ្ឋ មិនមែនសម្តេចមកអង្គុយលើកៅអីក្តៅនេះ ដោយគ្មានការដោះស្រាយនោះទេ ៕

To Top