
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ប្រសាសន៍ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូប។

លោក រដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថាន ក៏បានដាក់ឱ្យអនុវត្តប្រកាស ស្ដីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ក្នុងគោលបំណងធ្វើទំនើបកម្មការតាមដានការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។

សូមបញ្ជាក់ថា គម្រោងស្ដីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ជំហានទី២ ត្រូវបានអនុម័តសម្រាប់រយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដែលជ្រើសរើសស្ទឹងព្រែកត្នោត ជាតំបន់អនុវត្តគម្រោងបឋម។

កញ្ញា MIURA Yoshiko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឱ្យដឹងថា គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមរយៈពេល ៣ឆ្នាំ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ2023 ហើយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ2026។ គម្រោងនេះមានគោលបំណងផ្តោតទៅលើការ បង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ ដោយផ្អែកលើអនុក្រឹត្យស្តីពីការ គ្រប់គ្រងការបំពុលទឹក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព ទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់៕





