ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ឱ្យផ្អាកការផ្ទេរមន្ត្រី កំពុងបំពេញការងារ នៅតាមមណ្ឌលសុខភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើសុំផ្អាកការ ផ្ទេរមន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញការងារ នៅតាមមណ្ឌលសុខភាព ។

បើតាមលិខិតរបស់រដ្ឋមន្រ្តីមុខងារសាធារណៈ នាថ្ងៃ១០ មីនាផ្ញើទៅគ្រប់អភិបាលរាជធានី-ខេត្ត ការឱ្យផ្អាកផ្ទេរនេះ ក្នុងគោលបំណងគ្រប់គ្រង ឱ្យបានស្ថានភាពមន្ត្រីរាជការ ស៊ីវិលដែលកំពុងបំពេញ ការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀង ការងារប្រព្រឹត្ត ទៅស្របតាមគោល ការណ៍កំណត់ ។

លិខិតបានបញ្ជាក់ដែរថា នាពេលកន្លងមកក្រសួងមុខងារសាធារណៈក៏បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព ការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារ នៅតាមមណ្ឌលសុខភាពគោលដៅ ។

បើតាមលិខិតរបស់ក្រសួងមុខងារ គឺថាកំណត់ចំនួនមន្ត្រីសុខាភិបាល អប្បបរមាចំនួន៧នាក់ក្នុង១មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំងប្រទេស ៕

To Top