ព័ត៌មានជាតិ

ទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ថ្មី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ។

ការប្តេជ្ញារបស់ទូតថ្មី ហ្វាំងឡង់ ខាងលេីនេះធ្វេីឡេីង ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាន នូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។

លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម, និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

ក្នុងនោះសម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។

ជាមួយគ្នានេះ សម្ដេចធិបតី ជឿជាក់ថា តួនាទីរបស់ លោកស្រីឯកអគ្គរដ្ឋទូត នឹង ចូលរួម ចំណែក បន្ថែម ទៀត ក្នុង ការ ពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ រវាង ប្រទេស ទាំងពីរ កាន់រីក ចម្រើន ថែមទៀត។

សម្ដេចបវរធិបតី ក៏បានលើកឡើងពីការដាក់ចេញ នូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។   

សម្ដេចធិបតី និងលោកស្រី ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពល នៃកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។

បន្ថែមលេីនេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង និង សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងហ្វាំងឡង់៕

To Top