ព័ត៌មានជាតិ

ទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរតែត្រូវបានលើកកម្រិត ឱ្យកាន់តែខ្ពស់ថែមទៀត

រូពភាព៖ STPM

ភ្នំពេញ៖ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ហើយឥណ្ឌាបានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់មួយ ។

ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនាលោកឯកអគ្គរដ្ឋទូតឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយលោកបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ។

លោកទូតបានសង្កត់ធ្ងន់ថា «កម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា»។ ដោយយោងលើទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងសក្តានុពលជាច្រើនទៀត លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា «ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត» ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេសការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

សម្ដេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីសក្តានុពល សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា, ព្រមទាំងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន។

សម្ដេចបវរធិបតី បានលើកទឹកចិត្តលោកទូត បង្កើតទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕

To Top