ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុថែមទៀតផង។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ កាលពីថ្ងៃ១២ មីនា ដើម្បីប្រមូលយោបល់ និងធាតុចូលពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់អំពីផលប៉ះពាល់ និងអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សំដៅធានាថាច្បាប់នេះអាចឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែង ចំពោះការគ្រប់គ្រងផលិតផលឱសថកម្ពុជា ដែលអាចការពារផលប្រយោជន៍សុខភាពសាធារណៈ ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា គោលនយោបាយឱសថកម្ពុជា ត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៥ និងត្រូវបានធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ២០១០ ដែលផ្តល់ការណែនាំស្តីពីការធានាឱ្យប្រជាជនគ្រប់រូប ទទួលបាននូវផលិតផលឱសថដែលមានតំលៃសមរម្យ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ឱសថ គឺច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រូវបានអនុម័តដំបូងក្នុងឆ្នាំ១៩៩៦ និងធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ ដែលតម្រូវឱ្យក្រសួងសុខាភិបាលរៀបចំ សេក្តីព្រាងច្បាប់ស្តីពីផលិតផលឱសថថ្មីនេះ ឱ្យស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
លោកសាស្រ្តាចារ្យបន្តថា ការធានាបាននូវផលិតផលឱសថមានគុណភាព និងប្រសិទ្ធភាព ក៏ជាកត្តាចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការការពារប្រឆាំងនឹងការគំរាមកំហែងសុខភាពសាធារណៈ ទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និងរួមចំណែកដល់ការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ។
សាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា ក្របខណ្ឌនីតិប្បញ្ញត្តិដ៏រឹងមាំក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិ អនុញ្ញាតឱ្យមានការអភិវឌ្ឍ និងកំណើនឧស្សាហកម្មក្នុងស្រុកប្រកបដោយគុណភាព ក៏ដូចជាការធានាបាននូវផលប្រយោជន៍អ្នកវិនិយោគ និងប្រជាជនទូទៅ។ ដើម្បីសម្រេចបាននូវចំណុចនេះ ច្បាប់ និងបទប្បញ្ញត្តិ ត្រូវមានភាពទូលំទូលាយ ច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងនិងក្រៅវិស័យសុខាភិបាល ស្របតាមគោលនយោបាយគ្រប់គ្រង ឱសថក្នុងតំបន់អាស៊ានផងដែរ។
បន្ថែមពីលើនេះទៀត លោករដ្ឋមន្រ្តីថា ការលើកកំពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផលឱសថ ក៏ដូចជាការឆ្លើយតបទៅនឹង ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងបន្លំ និងអន់គុណភាព ត្រូវមានច្បាប់ និងបទបញ្ញត្តិគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលមានសមត្ថភាព ដើម្បីធានាថាការផលិត ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលឱសថត្រូវបានអនុវត្តត្រឹមត្រូវ ក្នុងគោលដៅឱ្យសាធារណជនទទួលបាន នូវផលិតផលឱសថដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងទទួលបានព័ត៌មានត្រឹមត្រូវ ស្តីពីផលិតផលឱសថ ៕








