ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ ចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន នៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។

ផ្លូវនិងស្ពានទ្រុឌទ្រោមនោះរួមមាន៖

ទី១/ អញ្ជើញពិនិត្យផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែង ៤,២០គីឡូម៉ែត្រ ស្ថិតនៅលើទំនប់តាកុយ ភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសចុះពិនិត្យ លោករដ្ឋមន្ដ្រី បានណែនាំឱ្យនាយកដ្ឋានផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដាក់ផែនការសាងសង់ជាផ្លូវក្រាលបេតុង។

ទី២/ អញ្ជើញពិនិត្យផ្លូវល្បាយដីស មានប្រវែង ២៣,១ គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅដល់ភូមិដងទង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលផ្លូវនេះមានទំហំតូចចង្អៀត និងមានការខូចខាតធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៤ ៣៤៧គ្រួសារ ពិបាកធ្វើដំណើរដឹកកសិផល និងការទទួលសេវាសាធារណៈផ្សេងៗ។ នៅលើខ្សែផ្លូវនេះមានស្ពានចាស់ទ្រុឌទ្រោមចំនួន ៥កន្លែង ស្ពានខ្លះសាងសង់ពីឈើ ដែលមានសភាពទ្រុឌទ្រោមខ្លាំងប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បាន។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានណែនាំនាយកដ្ឋានផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដាក់ផែនការស្ថាបនាស្ពានទាំង៥កន្លែងនេះ ជាស្ពានបេតុង ក្នុងក្របខ័ណ្ឌគម្រោងកែលម្អ បណ្ដាញតភ្ជាប់ផ្លូវជនបទ ប្រកបដោយចីរភាព (SRCIP)។

បន្ទាប់ពីបានពិនិត្យស្ថានភាពទាំងពីរខ្សែ លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញបន្ដចុះពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនានា របស់អង្គការករុណាបាត់ដំបង ស្ថិតនៅក្នុងភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អង្គការករុណាបាត់ដំបង មានកសិករទទួលផលសរុប ១០៧នាក់ ដោយអង្គការបានបណ្តុះបណ្តាលទៅលើបច្ចេកទេសនៃការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម និងបច្ចេកទេសចិញ្ចឹមសត្វរួមមាន គោ មាន់ ជ្រូក និងត្រី, បានផ្តល់នូវសម្ភារធ្វើកសិកម្ម និងគ្រាប់ពូជ, ផ្តល់ឧបករណ៍កំចាត់ស្មៅក្នុងស្រែ, រោងកំប៉ុស្តខ្នាតតូច, ផ្តល់ម៉ាស៊ីនបូមទឹកខ្នាតតូច, ផ្តល់ឧបករណ៍ដាំគ្រាប់ស្រូវ, និងម៉ាស៊ីនកិនស្រូវសហគមន៍ ព្រមទាំងជួយបង្ហាត់បង្រៀនជនមានពិការភាព កុមារអូទីសឹម និងកុមារអនាថាជាដើម ។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវ និងពិនិត្យសមិទ្ធផលរបស់អង្គការ លោករដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់ជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការវិនិយោគសាធារណៈ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រកបដោយភាពធន់ ដើម្បីបង្កលក្ខណងាយស្រួល ដល់ការធ្វើដំណើរ ទៅទទួលសេវាសាធារណៈផ្សេងៗ ជាពិសេសការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស, ការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសហគមន៍តំបន់ជនបទឱ្យមានភាពស៊ីវិល័យ ផាសុកភាព និងមានកិត្យានុភាពល្អប្រសើរ៕

To Top