បរទេស៖ នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergey Naryshkin បាននិយាយគ្នាតាមទូរស័ព្ទជាមួយសមភាគី CIA របស់អាមេរិក គឺលោក John Ratcliffe ដោយអ្នកទាំងពីរយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្នុងអំឡុងពេលនៃការសន្ទនាដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ប្រមុខនៃទីភ្នាក់ងារទាំងពីរបានយល់ព្រមរក្សាការសន្ទនាមួយដើម្បី “លើកកម្ពស់ស្ថិរភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន” ។
លោក Naryshkin និង លោក Ratcliffe ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងពីរ “លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក និងការដោះស្រាយស្ថានភាពវិបត្តិ”។
ប្រមុខស៊ើបការណ៍សម្ងាត់រុស្ស៊ី បានផ្តល់សញ្ញាម្តងហើយម្តងទៀតអំពីការត្រៀមខ្លួនក្នុងការរក្សាទំនាក់ទំនងជាមួយ CIA ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះបីជាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនមានភាពតានតឹងក៏ដោយ។ នៅក្នុងខែមករា ត្រឹមតែពីរថ្ងៃបន្ទាប់ពីការតែងតាំងរបស់លោក Ratcliffe ជានាយក CIA ត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភាអាមេរិក លោក Naryshkin បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយសមភាគីសហរដ្ឋអាមេរិក។
នៅឆ្នាំ២០២៣ ប្រធាន SVR បាននិយាយជាមួយនាយក CIA លោក William Burns ។ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីជម្លោះអ៊ុយក្រែន និងការបះបោរដែលបានចាប់ផ្តើមដោយស្ថាបនិកចុងក្រោយនៃក្រុមហ៊ុនយោធាឯកជន Wagner គឺ Evgeny Prigozhin ដែលបានកើតឡើងនៅរដូវក្តៅនោះ។ នៅខែឧសភាឆ្នាំ ២០២៤ លោក Naryshkin បាននិយាយថាទំនាក់ទំនងបន្ថែមទៀតជាមួយ Burns “មិនអាចបដិសេធបានទេ៕
ប្រែសម្រួលៈ ណៃ តុលា
