ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។
អ្នកនាំពាក្យ បានមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ ការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ច បានធ្វើឱ្យករណីក្មេងទំនើងថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះពួកគេដឹង និងឃើញដោយផ្ទាល់ភ្នែកថា រាល់ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។
ថ្មីៗនេះយុវជនក្មេងទំនើងពីររូបបានផ្ដល់បទសម្ភាសដល់ក្រុមការងារនៅពន្ធនាគាខេត្តកណ្តាលដោយបង្ហាញការសោកស្តាយទង្វើខ្លួន ដូចជាការមិនស្ដាប់ដំបូន្មានឪពុកម្តាយ ដើរលេងយប់ បង្កហិង្សានិងត្រូវសមត្ថកិច្ចចាប់ខ្លួន។ ផ្អែកលើបទពិសោធន៍នេះពួកគេផ្ញើសារឱ្យយុវជនផ្សេងទៀតចៀសគន្លងខ្លួនបើមិនចង់ជាប់ឃុំ និងបង្កការលំបាកដល់ឪពុកម្ដាយ។
សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១០ថ្ងៃ នែមីនា ឆ្នាំ២០២៥ ដូចបានបញ្ជាក់ខាងលើនេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កោះកុង កពង់ស្ពឺ ពោធិ៍សាត់បាត់ដំបង សៀមរាប ព្រះវិហា ក្រចេះ ខេត្តរតនគីរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕
