ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ការគាំទ្រ ដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញ សម្រាប់ពលករ ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការ(SDC)

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ លោក​ ហេង សួរ បានកោតសរសើរ ចំពោះអង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីស សម្រាប់ការ អភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) ដែលតែងសហការក្នុងភាពជាដៃគូ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និង ការអភិវឌ្ឍជំនាញ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាពិសេសតាមរយៈកម្មវិធី PROMISE។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍនិងកិច្ច សហប្រតិបត្តិការ(SDC) បានរួមចំណែកដ៏មានតម្លៃ ក្នុងការលើកកម្ពស់អភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការគាំពារដល់ពលករ ទេសន្តរប្រវេសន៍កម្ពុជា ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់នូវការគាំទ្រ និងសហការយ៉ាងពេញទំហឹង ជាមួយគម្រោងកម្មវិធីរបស់អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC)។

ជាការឆ្លើយតប លោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) បានបង្ហាញនូវវឌ្ឍនភាពការងារ និងលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ទន្ទឹមនេះ ក្នុងភាពជាដៃគូការងាររួមគ្នា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីស សម្រាប់ការ អភិវឌ្ឍនិងកិច្ច សហប្រតិបត្តិការ(SDC) បានបង្ហាញពីសុទិដ្ឋិនិយមក្នុង ការបន្តកិច្ចសហប្រតិបត្តិការ ទាំងកិច្ចការយុទ្ធសាស្ត្រ និងបច្ចេកទេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានានូវប្រសិទ្ធភាព និងការសម្រេច គោលដៅក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ ពលករទេសន្តរប្រវេសន៍កម្ពុជា៕

To Top