ព័ត៌មានជាតិ

សហភាពអឺរ៉ុប វិនិយោគ ទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្ម វិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ ៖ សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្ម វិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន លទ្ធភាពចូល ទៅកាន់ទីផ្សារ ក្នុងស្រុក និងសកល ។ ទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាត តូចចំនួន ២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB បានអញ្ជើញចូលរួមពិធិ ចុះហត្ថលេខាលើកិច្ចកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្មរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី Nicola Beer អនុប្រធានធនាគារ EIB បានមានប្រសាសន៍ថា “ធនាគារវិនិយោគអឺរ៉ុបពិតជាមានមោទនភាព ក្នុងការគាំទ្រចំពោះកម្មវិធី ASPIRE-AT និងវិស័យកសិកម្មរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា ។ តាមរយៈហិរញ្ញប្បទាននេះ យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្ដល់ឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផល កម្ពុជា។សកម្មភាពនេះ គឺជាការបង្ហាញជាតួរយ៉ាងដ៏សំខាន់ អំពីអ្វីមួយដែលក្រុមអឺរ៉ុបអាចធ្វើសំរេចចេញជាសមិទ្ធិផល ជាក់ស្តែងបាន តាម រយៈការបង្កើតការងារ ការជំរុញពាណិជ្ជកម្ម និងការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា។”

លោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមនៅក្នុងគម្រោងវិនិយោគកសិកម្មដ៏សំខាន់នេះ តាមរយៈការចាប់ដៃគូជាមួយធនាគារវិនិយោគអឺរ៉ុបរបស់យើង និងមូលនិធិ IFAD ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុបរបស់យើង។

ទឹកប្រាក់ជចំនួន ១៩,៥ លានអឺរ៉ូ (២១,០៦ លានដុល្លារអាមេរិក) ជាជំនួយឥតសំណង របស់យើងនេះ នឹងជួយដល់កសិករ និងសហគមន៍ កសិករនៅក្នុងការកែលម្អ ផលិតកម្មបឋម សមត្ថភាពកែច្នៃ និងលទ្ធភាពចូលទៅកាន់ទីផ្សារ តាមរយៈការកសាងសមត្ថភាព និងលទ្ធភាពទទួល បានហិរញ្ញប្បទាន ការគាំទ្រដល់មន្ទីរពិសោធន៍កសិកម្ម ព្រមទាំងការតភ្ជាប់តំបន់ជនបទ និងទីក្រុងឱ្យកាន់តែប្រសើរឡើង។ តាមរយៈកិច្ចសហការគ្នា យើងកំពុង ជួយវិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ ដល់ពលរដ្ឋនៅតាមសហគមន៍ជនបទ។”

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារវិនិយោគអឺរ៉ុប (EIB) សហភាពអឺរ៉ុប និង IFAD ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើត និងរៀបចំកម្មវិធី ASPIRE-AT នេះ ទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់កម្មវិធី ASPIRE-AT នៅថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ វិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញ អំពីការគាំទ្រដ៏ខ្លាំងខ្លាពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី ១) របស់រដ្ឋាភិបាល ស្របពេលដែលកម្ពុជាមានគោលបំណង សម្រេចឱ្យបាននូវគោលដៅក្លាយខ្លួន ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ជូននូវការប្តេជ្ញាចិត្តក្នុងការជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគត ជាមួយធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD នៅក្នុងការងារពហុវិស័យ។

លោក Frew Behabtu នាយកប្រចាំប្រទេស នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំបកម្ពុជា បានមានប្រសាសន៍ថា “ជំនួយឥតសំណងដ៏សំខាន់ របស់សហភាពអឺរ៉ុប រួមជាមួយនឹងឥណទានពីធនាគារ EIB និងសហហិរញ្ញប្បទានរបស់ IFAD គឺជាជំហានដ៏មានឥទ្ធិពលឆ្ពោះទៅរកការធ្វើបរិវត្តិកម្មវិស័យកសិកម្មរបស់កម្ពុជា ។ IFAD មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹង ប្រែងរួមគ្នានេះ ដើម្បីផ្តល់ភាពអង់អាចដល់សហគមន៍ជនបទ ពង្រឹងសន្តិសុខស្បៀង និងផ្ដល់នូវសក្តានុពលនៃការនាំចេញ ដែលជំរុញដល់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព៕

To Top