ព័ត៌មានជាតិ

សម្តេចធិបតី កំពុងប្រមូលអ្នកជំនាញ ពីវិស័យឯកជន មកជាទីប្រឹក្សា ពិគ្រោះយោបល់ផ្ទាល់ សម្រាប់ប្រមូលធាតុផ្សំបន្ថែម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា សម្តេចកំពុងរៀបចំគិតគូជាជំហ៊ាន លើការប្រមូលយកអ្នកជំនាញពីវិស័យ​ឯកជន ឬជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា មកធ្វើជាទីប្រឹក្សាក្នុងការប្រឹក្សា និងពិគ្រោះយោបល់ លើជំនាញផ្សេង ដើម្បីជាធាតុផ្សំបន្ថែមទៀត បន្ថែមលើក្រសួងស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគម ឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានបង្ហាញបំណង ចង់ឱ្យវិស័យឯកជន ចូលរួមគិតគូ ឬជជែកគ្នាដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល បើទោះកិច្ចការមួយចំនួនរាជរដ្ឋាភិបាល គឺជាអ្នកផ្តួចផ្តើម តែជួនកាល ក៏វិស័យឯកជន មានគំនិតផ្តួចផ្តើមដែរ ។

ក្នុងនោះ សម្តេចធិបតី បានលើកឡើងថា តួរយ៉ាងវិស័យ​ឯកជន បានពិភាក្សាជាមួយដៃគូរបស់ខ្លួន ហើយជួបប្រទះលើបញ្ហា ឬគំនិតថ្មីមួយចំនួន អាចលើកយកមកជជែកជាមួយរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយ ដែលនេះ គឺជាកិច្ចការមួយជួយទៅកាន់វិស័យឯកជន។

សម្តេចធិបតី ក៏បានស្វែងយល់ឃើញថា រាជរដ្ឋាភិបាល ក៏មិនអាចគិតបានទាំងអស់នោះទេ ។ ទោះជាយ៉ាងណា សម្តេចធិបតី ចង់ឱ្យវិស័យឯកជន និងរដ្ឋ គឺជាដៃគូជួយគិត ជួយធ្វើ ហើយជួយទទួលខុសត្រូវ ។

សម្តេចធិបតី មានប្រសាសន៍ថា “នេះហើយគឺជាអ្វីដែលខ្ញុំតែងតែនិយាយតាំងពីខ្ញុំ មុនឡើងធ្វើនាយករដ្ឋមន្ត្រី ​ហើយខ្ញុំនិយាយគ្រប់វេទិកាទាំងអស់ គឺខ្ញុំចង់ឱ្យដៃគូឯកជន ជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាកម្លាំងជាតិរបស់យើង ដើម្បីរួមគ្នា ដើម្បីបង្កើតភាពទាក់ទាញ និងប្រកួតប្រជែងរបស់ជាតិរបស់យើង” ។

ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ប្រទេសកម្ពុជាតូច ទាមទារឱ្យរួបរួមគ្នាផ្ទៃក្នុងជាមួយសិន បើមិនដូច្នេះទេ កម្ពុជា មិនអាចប្រកួតប្រជែលឈ្នះគេ លើឆាកអន្តរជាតិនោះទេ ។

ប​ន្ថែមលើនេះ សម្តេចធិបតី ក៏អរគុណដល់វិស័យឯកជន ជុំវិញកិច្ចការមួយចំនួន ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងរយៈពេល១ឆ្នាំកន្លះជាងមកនេះ ដែលវិស័យឯកជនបានប្រឹក្សាពិគ្រោះយោបល់ និងការចែករំលែកនូវទស្សនទាននានា ខណៈដែលសម្តេចធិបតី ក៏ពេញចិត្តចំពោះការលើកឡើង ត្រង់ទៅត្រង់មក ជៀសជាងលើកយកប្រធានបទច្រើនមកជជែក ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ហើយខ្ញុំកំពុងតែគិតគូ មួយជំហ៊ាន អំពីការរៀបចំជាក្រុមប្រឹក្សា Advisory team មួយ ដែលពីវិស័យ​ឯកជន សម្រាប់ផ្តល់យោបល់ ទៅលើកិច្ចការងារ ព្រោះក្រសួងស្ថាប័ន គាត់មានជំនាញមួយហើយ គាត់ពិគ្រោះយោបល់​ ជាមួយវិស័យឯកជន គាត់ពិគ្រោះយោបល់ជាមួយដៃគូ គាត់ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ចេញគោលនយោបាយមួយចំនួន ប៉ុន្តែកិច្ចការមួយចំនួន ពេលអនុវត្តត្រូវចង់ដឹង ចង់បានយោបល់អំពីវិស័យ​ឯកជន ជៀសជាងគ្រាន់តែជាយន្តការ សម្រាប់ផ្តល់យោបល់ ពិគ្រោះយោបល់ នេះគឺជាយន្តការ Advisory ជាទីប្រឹក្សា ហើយទៅលើវិស័យមួយចំនួនជាពិសេសវិស័យដែលយើងចាំបាច់ ដូចជាវិស័យកសិកម្ម ខ្ញុំប្រហែលជាត្រូវ អញ្ជើញអ្នកឧកញ៉ា មួយចំនួន ឬអ្នកដែលជំនាញវិស័យឯកជនមួយចំនួន ដើម្បីជាទីប្រឹក្សា ដើម្បីផ្តល់ធាតុផ្សំតែម្តង “៕

To Top