ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ពីមូលហេតុដែលសម្តេចត្រូវតែយកកម្ពុជា ​ចូលជាសមាជិកអាស៊ាន​ឱ្យខានតែបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានរំលឹកអំពី ដើមហេតុដែលនាំឱ្យសម្តេចធ្វើការដឹកនាំកម្ពុជា ចូលជាសមាជិកអាស៊ាន ឱ្យខានតែបាន ដោយសារមូលហេតុ៤ធំៗ ជាពិសេសដំណាក់កាលនៃទំនាក់ទំនងការទូករបស់កម្ពុជា នាសម័យនោះ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានគូសបញ្ជាក់ថាពីការសំឡឹងឃើញ នូវគុណប្រយោជន៍ធំ ដល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលកំពុងត្រូវការទំនាក់ទំនងខ្ពស់ ជាមួយបណ្តាប្រទេសនានា តាមរយៈសិទ្ធិក្នុងការបោះឆ្នោតមួយសន្លឹក ដែលដៃគូប្រទេសនានា ចង់ក្លាយជាជាមេដឹកនាំនៃ អង្គការណាមួយ នឹងត្រូវពឹងពាក់កម្ពុជា ហើយនេះដែលសម្តេចចាត់ទុកថា ជាដំណើរការទំនាក់ទំនងការទូតមួយដែរ ។

សម្តេចតេបាន រំលឹកថា សម្តេចប្រាប់ទៅអតីតរដ្ឋមន្ត្រីកាលបរទេស ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោក គាតឈន់ ឱ្យចូលជាសមាជិកអាស៊ានទៅ កុំខ្លាចរឿងបង់ប្រាក់ ព្រោះកម្ពុជាត្រូវមានសិទ្ធិបោះឆ្នោតមួយសន្លឹក ។

ក្នុងនោះស​ម្តេចតេជោ ក៏បានរំលឹកថា កម្ពុជា បានខកខានចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៧ ដោយសារតែកម្ពុជា កំពុងមានបញ្ហាផ្ទៃក្នុង ខណៈដែលកម្ពុជា បានចូលជាសមាជិកអាស៊ានជាផ្លូវការ នៅក្នុងឆ្នាំ១៩៩៩ ។

សម្តេចតេជោ មានប្រសាសន៍ថា “ខ្ញុំសូមនិយាយសារជាថ្មីម្តងទៀត មានកត្តា៤ ទាក់ទាញឱ្យកម្ពុជា ចូលអាស៊ាន កត្តាទី១ គឺគោលការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ។ កត្តាទី២ គឺស្មារតីសហគមន៍ អ្វីទៅដែលខ្ញុំហៅថា ស្មារតី សហគមន៍ នោះគឺធ្វើការតាមកុងសុងស៊ីស អត់មានសំឡេងភាគតិច ភាគច្រើនទេ ក្នុងពេលធ្វើធម្មនុញ្ញ អាស៊ាន ខ្ញុំជាអ្នកចេញមុខការពារ នូវគោលការណ៍កុងសុងស៊ីស ដោយបោះបង់ចោលនៅការប៉ន់ប៉ង បោះឆ្នោតក្នុងអាស៊ាន ដោយនៅសេប៊ូល ឆ្នាំ២០០៧ ខ្ញុំបានិយាយច្បាស់ទៅក្នុងអង្គប្រជុំថា ប្រសិនបើអាស៊ាន បោះឆ្នោត​ អាស៊ាននឹងបែកបាក់ដោយមានសំឡេងភាគច្រើន និងសំឡេងភាគតិច ឬក៏អនុបវាទ ដូច្នេះយើងត្រូវរក្សានូវគោលការណ៍ កុងសង់ស៊ីស ក្នុងការធ្វើការ ។ នេះហើយដែលខ្ញុំនិយាយអំពីស្មារតីសហគមន៍ ។ ឯចំណុចទី៣ នោះគឺយើងទទួលផល អំពីការធ្វើសមាហរណកម្មខាងសេដ្ឋកិច្ចជួយគ្នា ដែលក្នុងនោះ នៅក្នុងការប្រជុំឆ្នាំ២០០០ នៅ Singapore ដែលធ្វើជាប្រធានអាស៊ានពេលនោះ បានដាក់ចេញនូវគំនិតផ្តួចផ្តើម ស្តីពីការធ្វើសមាហរណកម្មអាស៊ាន ដែលទីបំផុត យើងបានទទួលផលពីតួអង្គអាស៊ានចាស់ ដើម្បីជួយរួមចំណែក ដល់អាស៊ានថ្មី តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការអនុគ្រោះពន្ធ សូម្បីតែនៅក្នុងក្របខណ្ឌអាស្តា ​យើងក៏មានភាពអនុគ្រោះ អូសបន្លាយពេលវេលាមួយចំនួន នៃការអនុវត្តនូវទំនិញរសើប ។ ឯចំណុចទី៤ ចុងក្រោយ ការចូលអាស៊ាន គឺជាច្រកចេញការទូតរបស់កម្ពុជា ដោយសារអាស៊ានមានដៃគូច្រើន ទាំងដៃគូតំបន់ និងដៃគូតាមប្រទេស អាស៊ានបូក៣, អាស៊ានបូក១, អាស៊ាន-អ៊ឺរ៉ុប, អាស៊ាន-អង្គការសហប្រជាជាតិ, អាស៊ានអាមេរិក, អាស៊ានផ្សេងៗទៀត ចឹងទំនាក់ទំនងការទូតកម្ពុជា នឹងរីកធំ​ យើងត្រូវចូលរួម”៕

To Top