នយោបាយ

លោក ប៉ែន បូណា ៖ ក្រុមប្រឆាំង ចេះតែបញ្ឆេះកំហឹង មិនដែលមានសេចក្តីសុខទេ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថាក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស មិនដែលមានសេចក្តីសុខនៅក្នុងខ្លួននោះទេ ។ 

មិនមានសេចក្តីសុខនៅក្នុងខ្លួនដែលលោកប៉ែន បូណា បាននិយាយនោះដោយសារ ក្រុមជ្រុលនិយមមិនគោរពច្បាប់នាំឲ្យមានទុក្ខទោសផ្នែកច្បាប់ និងម្យ៉ាងទៀតគិតតែពីដើរញុះញង់ឲ្យប្រជាពលរដ្ឋ មានកំហឹងរហូតដល់ឈានទៅបំពានច្បាប់ ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “មួយក្រុមតូចហ្នឹងដែលប្រកាន់នយោបាយបែបជ្រុលនិយម យើងឃើញហើយគាត់មានសេចក្តីសុខមកពីណា អត់មានទេ រត់ចោលស្រុក ជាប់ទោសទណ្ឌជាហូរហែរ ។ អីចឹងសូម្បីតែសេចក្តីសុខខ្លួនឯងអត់បាន ដោយសារតែខ្លួនចេះតែបំពានគេបំពានច្បាប់ធ្វើម៉េចឲ្យមានកំហឹង ដល់ចឹងវាដើរខុសពីច្បាប់ ពីគន្លងពុទ្ធចក្រ អាណាចក្រចឹងក្តីសុខខ្លួនឯងអត់មាន។ គាត់អត់អាចរកក្តីសុខជូនប្រទេសជាតិ ឬប្រជាពលរដ្ឋបានទេ គាត់ចេះតែបញ្ឆេះកំហឹងធ្វើម៉េចឲ្យប្រជាពលរដ្ឋមានកំហឹងជានិច្ច” ។

លោកបន្តថា ផ្ទុយទៅវិញក្នុងផ្លូវព្រះពុទ្ធសាសនាក្តី និងការអប់រំផ្នែកសីលធម៌ក្តីបានបង្រៀនឲ្យមនុស្សចេះតាំងអារម្មណ៍ស្ងប់សុខ និងសម្រួលអារម្មណ៍ឲ្យមានការស្តាប់គ្នាទៅវិញទៅមក ប៉ុន្តែខុសស្រឡះពីក្រុមជ្រុលនិយមពួកគាត់ចេះតែធ្វើចលនាបំផុតឲ្យពលរដ្ឋមានកំហឹងនៅក្នុងខ្លួន ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ែន បូណាថា ការមានកំហឹងរបស់ពួកក្រុមជ្រុលនិយមនៅក្រៅប្រទេសនឹងធ្វើឲ្យពួកគាត់មានជំងឺសតិអារម្មណ៍ដោយមើលឃើញអ្វីក៏ខ្មៅងងឹតដែលមិនអាចព្យាបាលជំងឺនេះជាសះស្បើយបានទេ ៕

To Top