ព័ត៌មានជាតិ

​​សាស្ត្រាចារ្យ ឈាង រ៉ា ឱ្យបន្តរក្សាជំហរពង្រឹងប្រតិបត្តិការ វិស័យសុខាភិបាលកម្ពុជា-ឥណ្ឌា

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានាថ្ងៃ១៧ មីនា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ត្រូវបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលកម្ពុជា-ឥណ្ឌា តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងប្រទេសទាំង២ ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្តលើវិស័យឯកជន។

ក្នុងជំនួបសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីផែនការ អាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូតដែលបានប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ សាស្ត្រាចារ្យបញ្ជាក់ជូនថា ត្រូវបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្ត លើវិស័យឯកជន ដើម្បីទទួលបានការគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា ។ នេះគឺពិតជាការចូលរួមចំណែកជួយដល់ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយបានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើការអភិវឌ្ឍសុខភាពឌីជីថល ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរពេទ្យ កម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕

To Top