ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើម គឺជាប្រភពនៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល។
ការថ្ឲលែងរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងស្របពេលថ្ងៃទី១៨ ខែមីនានេះ គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។
លោកបន្តថា ក្រោយរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
លោកបន្ថែមថា ក្រោយថ្ងៃរំដោះ ៧ មករា យើងត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យ នៃការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅពេលនោះបានតស៊ូប្រឹងប្រែង ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាងដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។ យើងត្រូវការពេលវេលា ជិត ២ ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើមគឺជាប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល» ៕





