ភ្នំពេញ ៖ ក្នុងដំណើរបំពេញ បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅទីក្រុងចឹងចូវ ខេត្តហ៊ឺណាន ប្រទេសចិន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ។
នាឱកាសនោះដែរ លោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍ យ៉ាងរាក់ទាក់ជូន ចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅខេត្តហឺណាន ។

ជាមួយគ្នានេះ លោកក៏បានធ្វើការពិព័ណ៌នា អំពីសក្តានុពលរបស់ខេត្តហឺណាន ព្រមទាំងវឌ្ឍនភាព នៃការស្ថាបនាសួនកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃអាកាសយានដ្ឋានអន្តរជាតិក្រុងចឹងចូវ។
លោក ក៏បានសម្តែង នូវសុទិដ្ឋិនិយមថាក្រុមហ៊ុន Zhengzhou Agricultural Development Group នឹងអាចមានលទ្ធភាពសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគ នៅកម្ពុជានាពេលខាងមុខ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់ភាគីមិត្តជូន ចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង ដែលបើកទូលាយ ក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិង កំពុងអភិវឌ្ឍ ឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែ មានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្ត ដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយ ជាមជ្ឈមណ្ឌលភស្តុភារកម្ម ក្នុងតំបន់នាពេលអនាគត។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានលើកឡើងអំពីសាវតានៃចំណងមិត្តភាពជាបងប្អូនរវាងកម្ពុជា និងចិន ចាប់តាំងពីរជ្ជកាល ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» រហូតមកដល់បច្ចុប្បន្ន ដែលចំណងមិត្តភាពមួយនេះត្រូវបានប្រសិទ្ធនាមថា «មិត្តដែកថែប»។
មិត្តភាពដែកថែប របស់កម្ពុជា និងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយនឹងការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ – ២០២៨)៕
