ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវ របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ៖ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមមូលដ្ឋាននីមួយៗ។

ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ត្រូវបានរៀបចំឡើងក្រោម គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា ផ្អែកតាមគោលការណ៍ ឯកភាពរបស់រាជរដ្ឋាភិបាល គ.ជ.អ.ប. បានរៀបចំ និងដាក់ចេញ នូវសេចក្ដីណែនាំ ស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការសកម្មភាពសម្រាប់អនុវត្ត។ វេទិកានេះ ត្រូវរៀបចំរៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ ក្នុងគោលបំណង វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការ តម្រង់ទិសផ្នែកគោល នយោបាយ សម្រាប់សម្រួចការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លើសពីនេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងទៀតថា ដើម្បីធានាដល់ការរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាម គោលការណ៍ ខ្លឹមសារ និងជំហាននានាដែលបានកំណត់ គ.ជ.អ.ប.បានសហការរៀបចំយន្តការ គាំទ្រ បណ្តុះបណ្តាល តាមដាន ត្រួតពិនិត្យ និងតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការរៀបចំវេទិកានេះ។ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស បានរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) សម្រាប់ជាមូលដ្ឋានរៀបចំកិច្ចប្រជុំ និងវេទិកាដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បី ត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលការងារ និងបញ្ហាប្រឈម ព្រមទាំងបានកំណត់នូវវិធានការ ចាំបាច់នានាសម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលរដ្ឋបាលរបស់ខ្លួនបានជួបប្រទះ។

លោក ឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍បញ្ជាក់ថា «ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានា របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការ ច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន»៕

