ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់អភិវឌ្ឍសង្គម។
តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្តេច បានឱ្យដឹងថា ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះ ចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និង ការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម។ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិនិងការពារ ឧត្តមប្រយោជន៍របស់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ គឺធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវគុណភាពនិងគុណតម្លៃនៃ ការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត នូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពី សុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារ សង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំងសេចក្តីត្រូវការក្នុងការពង្រីកនិងពង្រឹងកម្លាំងសេវាសង្គមត្រូវបាន យកចិត្តទុកដាក់ ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈនិងឯកជន ផ្នែកសង្គមកិច្ច បាននិងកំពុងបណ្តុះបណ្តាលនិស្សិតរាប់រយនាក់ក្នុងមួយឆ្នាំ៕
