ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥។

ក្រសួងមុខងារសាធារណៈ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ពិធីបើកបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងពិធីបើកនោះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបប្រមាណ៧០០នាក់។

បន្ទាប់ពីការប្រព្រឹត្តទៅនៃពិធីបើកសន្និបាតហើយនោះ ពេញមួយថ្ងៃទី១៩ ខែមីនា សន្និបាតបានប្រព្រឹត្តតាមរបៀបវារៈជាបន្តបន្ទាប់មានដូចជា បទបង្ហាញស្តីពីវឌ្ឍនភាពនៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ, បទបង្ហាញស្តីពីវឌ្ឍនភាពនៃការដឹកនាំ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ, បទបង្ហាញស្តីពីការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចពិភាក្សា សំណួរ និងចម្លើយ៕

To Top