ព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាល ការពារព្រំដែន ត្រូវសហការជាមួយបណ្ដា អង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែន ដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី។
នាឱកាសអញ្ជើញដឹកនាំ ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ នាថ្ងៃទី១៩ មីនា នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។
នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តព្រះវិហារ មានភូមិសាស្ដ្រជាប់ ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈម ជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា៕






