ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការភ្នំពេញ តបទៅបុរសឈ្មោះ ប៊ុន ផាក អំពី “សន្តិភាព” មុនពេលបុរសនេះ មកបំភ្លឺនៅថ្ងៃស្អែក

ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្លើយតបទៅបុរសឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាកអំពីពាក្យសន្តិភាព មុនពេលបុរសរូបនេះ នឹងមកបំភ្លឹនៅស្នងការនាថ្ងៃ២១ មីនា ស្អែកនេះ តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។

ការឆ្លើយតបរបស់លោក សំ វិច្ឆិកានេះ បន្ទាប់ពីបុគ្គល ប៊ុន ផាក បានទទួលលិខិតកោះហៅរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចហើយ តាមពេលវេលានិងចូលមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដើម្បីមកបំភ្លឺករណីបំភ្លៃព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

ប៉ុន្តែកាលពីថ្ងៃ១៩ មីនា បុរសនេះក៏បានបង្ហោះផ្សព្វផ្សាយម្តងទៀត តាមផេកផ្ទាល់ខ្លួនក៏បានបកស្រាយ ករណីមួយចំនួនអំពីពាក្យ “សន្តិភាព” ។ ដោយខ្លួនបង្ហោះសារថា “កំចាត់ក្មេងទំនើងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយថាបានថាយើងមានសន្តិភាព”។

បើតាមអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ការបង្ហោះសារម្តងទៀតអំពី “សន្តិភាព”នេះ ដោយសារបុគ្គល ប៊ុន ផាក ព្រួយបារម្ភនឹងចោរឆក់កាបូបមិត្តភក្តិខ្លួន ជាជនបរទេសឈ្មោះ Christ ។ តែសម្រាប់ករណីឆក់ ជនបរទេសChristនេះ លោកសំ វិច្ឆិកា ថា សមត្ថកិច្ចបានបង្រ្កាបជនសង្ស័យរូចហើយ។

អ្នកនាំពាក្យក៏បានគូសបញ្ជាក់ថា អំពើឆក់ និងអំពើចោរកម្ម គឺជាបាតុភាពក្នុងសង្គមមួយកើតឡើងតែមួយជ្រុងតូច ដែលសមត្ថកិច្ចមានតួនាទីភារកិច្ច យកចិត្តទុកដាក់បង្រ្កាប ហើយតែងបង្រ្កាបបានជាបន្តបន្ទាប់។ ដោយឡែកពាក្យសន្តិភាព គឺសំដៅប្រទេសគ្មានសង្រ្គាម ដែលទទួលបានការធានា អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាជននិងហេដ្ឋារចនាសម្ពន័្ធទូទៅ ដែលបានរីកដុះដាលក្នុងប្រទេសដែលមានសន្តិភាព ហើយប្រជាជនមានសិទ្ធិប្រកមុខរបររកស៊ី ធ្វើការងារបានដោយសេរី ទៅតាមលទ្ធភាព សមត្ថភាព។ ពាក្យថា “សន្តិភាព” គឺមានតម្លៃធំធេងណាស់ សម្រាប់សង្គមជាតិមួយដែលចាំបាច់គ្រប់គ្នា ត្រូវតែថែរក្សាការពារឲ្យបានជាដាច់ខាត ៕

To Top