ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយ ឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាង សង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស ។

ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ មានដូចជា ៖ ១. ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.១៦៦.០០០.០០០ យ៉េន (ប្រមាណ ៨,៣ លានដុល្លារអាមេរិក) សម្រាប់គម្រោង ពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង

២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣០០.០០០.០០០ យ៉េន (ប្រមាណ ២,១ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា។

ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងទាំងពីរខាងលើ នឹងរួមចំណែកដល់យុទ្ធសាស្ត្រ ជាតិសកម្មភាព បោសសំអាតមីន របស់កម្ពុជា ឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមិន នៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា៕

To Top