ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់គោលដៅរៀបចំសង្ក្រាន្តវត្តភ្នំ អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ឱ្យបានល្អបំផុត

ភ្នំពេញ៖​ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ។

ការណែនាំរបស់លោកភអិបាលរងខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្នុងស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរ​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ

ក្នុងកិច្ចប្រជុំនេះ លោក កើត ឆែ គូសរំលឹកថា ថ្មីៗនេះមានបណ្តាញសង្គមមួយ បានចុះផ្សាយព័ត៌មានខុសពីការពិត ដោយចោទថា «ភ្នំពេញដូនពេញក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។​ ឆ្លើយតបនឹងការចោតប្រកាន់នេះ លោក កើត ឆែ ចាប់ទុកការបង្ហោះនូវព័ត៌មានក្លែងក្លាយខុសពីការពិតនេះ ធ្វើឡើងដើម្បីបំផ្លាញជាតិ។

លោកអភិបាលរងបញ្ជាក់ថា “ពួកអគតិតែងតែប្រឆាំង នៅពេលដែលពួកគេបានដឹងថា រាជរដ្ឋាភិបាល បង្កើតបាននៅសមិទ្ធផលធំៗជូនជាតិ។ ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ យក «សង្ក្រាន្ដ» នេះដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយ ខុសពីការពិតនេះឡើង។ ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត”។

សូមរំលឹកថា សម្រាប់ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងត្រូវរៀបចំឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បានលើកឡើងពី ការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។

បន្ថែមពីនេះ កិច្ចប្រជុំនេះក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកាជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុងនិងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ ។ លើសពីនេះ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តទៅដល់ទៅ៣ថ្ងៃទៀត នៃថ្ងៃចូលឆ្នាំរហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕

To Top