ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋតូហ្គោ ដឹកនាំដោយ លោក សាស្ត្រាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និងពលរដ្ឋតូហ្គោនៅក្រៅប្រទេស ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី DUSSEY បានកោតសរសើរចំពោះកំណើនវិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយគូសរំលេចអំពីការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកថា ជាគំរូសម្រាប់ប្រទេសតូហ្គោ។
លោក DUSSEY បានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងមិនគ្រប់ជ្រុងជ្រោយទេ ប្រសិនបើគណៈប្រតិភូយើងមិនបានជួបពិភាក្សាជាមួយក្រសួងឧស្សាហកម្មកម្ពុជា។ យើងមានបំណងស្វែងយល់អំពីកត្តាជោគជ័យរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងជំរុញការនាំចេញ។
លោក ហែម វណ្ណឌី បានជម្រាបជូនថា ការរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជា ឈរលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាព និងស្ថិរភាព ដែលសម្រេចបានក្នុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបើកចំហសេដ្ឋកិច្ចសម្រាប់ការធ្វើពាណិជ្ជកម្មសកល បន្ទាប់ពីកម្ពុជាត្រូវបានដាក់ឱ្យនៅឯកកោ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។
លោក បានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន និងបណ្តាញអគ្គិសនី នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងៗរបស់ខ្លួន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្ម៕
