ភ្នំពេញ៖ លោក ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បានរីកចម្រើនជាលំដាប់។

ការគូសបញ្ជាក់របស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ខាងលេីនេះ ធ្វេីឡេីង ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងជំនួបនេះ លោកប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើនជាលំដាប់។
លោកប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះ លោកប្រធាន ADB ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់លោក មកកាន់កម្ពុជា នាឱកាសនេះ លោក និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ “ការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា” ក៏ដូចជាបានបំពេញទស្សនកិច្ចនៅវិទ្យាល័យមួយ។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ជា ឧទាហរណ៍ជាក់ស្តែងដ៏ល្អមួយ ក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា។

លោកប្រធាន ADB ក៏បានគូសបញ្ជាក់ផងដែរថា ការអនុម័តអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់ ADB មានភាពស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ADB នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និង អរគុណចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ ក្នុងការដាក់ចេញនូវគោលដៅ លើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញ នូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះ ដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួន នៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ នៅក្នុងការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការដាក់ចេញ នូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីធានាបរិយាកាសវិនិយោគ ក៏ដូចជា ការធានាភាពប្រកួតប្រជែងរបស់កម្ពុជា។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដេីម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕
