ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបានពិនិត្យកម្លាំងកងអន្ដរាគមន៍ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តបន្ទាយមានជ័យ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះ ហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។

នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា «ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា»៕


