ព័ត៌មានជាតិ

ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ មកកាន់កម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ៖ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពល សម្រាប់ការវិនិយោគ លើវិស័យអាកាសចរណ៍។

លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានអបអរសាទរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញ នូវយន្តការ និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕

To Top