ព័ត៌មានជាតិ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះ នៅស្ពានហាលខាងលិច របស់ប្រាសាទបេងមាលា

ភ្នំពេញ៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិច របស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាល ខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។

លោក ខៀវ ច័ន្ទ បុរាណវិទូ ដែលគ្រប់គ្រងការដ្ឋាននៅប្រាសាទបេងមាលា បានឱ្យដឹងថា «ការធ្វើកំណាយសង្គ្រោះនៅស្ពានហាល ខាងលិចរបស់ប្រាសាទបេងមាលា ក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះ ស្ថានភាពបាតកសិន្ធុ និងដីកកក្រោមស្ពាន មុននឹងស្ដារដីកកនៅក្នុងរន្ធត្រដេវ និងកសិន្ធុចេញ ដើម្បីឱ្យទឹកបានហូរដូចដើមឡើងវិញ» ។

លោក ខៀវ ច័ន្ទ បានឱ្យដឹងថា គឺដើម្បីស្វែងយល់អំពីរចនាសម្ពន្ធស្ពាន និងការប្រើប្រាស់សម្ភារសំណង់ ថាតើដូចគ្នាទៅនឹងស្ពានហាលខាងកើត របស់ប្រាសាទបេងមាលាដែរឬទេ? ម្យ៉ាងវិញទៀត កំណាយនេះ គឺដើម្បីជួយសង្គ្រោះថ្មសំណង់ជាច្រើនដូចជា ខ្លួននាគជាបង្កាន់ដៃស្ពាន ជើងសសរ និងធ្នឹមរបស់ស្ពានហាលខាងលិច ដែលបានរលុះធ្លាប់កប់ដីជាយូរឆ្នាំមកហើយនោះ យកទៅរៀបចំរក្សាទុកដាក់ឱ្យបានល្អ និងអាចជួសជុលឡើងវិញ ដើម្បីទុកប្រើប្រាស់មុននឹងយក ទៅដាក់តាមទីតាំងដើមវិញ។

ក្នុងដំណើរការធ្វើកំណាយរយៈពេលជាង១ខែមកនេះ ក្រុមអ្នកជំនាញបានដឹងថា រចនាសម្ពន្ធ និងសម្ភារសំណង់របស់ស្ពានហាល ខាងលិចនៃប្រាសាទបេងមាលា គឺធ្វើពីថ្មភក់ ហើយផ្លូវទឹកហូរក្រោមស្ពានហាលនេះ គ្មានកម្រាលធ្វើពីថ្មបាយក្រៀមទេ។ រចនាសម្ពន្ធរបស់ស្ពានហាលខាងលិចនេះ គឺខុសគ្នាពីរចនាសម្ពន្ធរបស់ស្ពានហាល ខាងកើតប្រាសាទបេងមាលា ដែលរចនាសម្ពន្ធនោះមានកម្រាលក្រោមស្ពាន ជាពីរថ្មបាយក្រៀមមួយស្រាប់ ក្រាលលើគ្រឹះខ្សាច់លាយថ្មភ្នំ៕

To Top