ព័ត៌មានជាតិ

ក្រុមការងារក្រសួង ចុះដោះលែងរថយន្ត ដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់

ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អង្គភាពពាក់ព័ន្ធ ចុះដោះលែងរថយន្តដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់។

នៅស្ថានីយជញ្ជីងអ្នកលឿង ខេត្តព្រៃវែង ស្ថានីយបាវិត ខេត្តស្វាយរៀង ស្ថានីយឃ្លាំងសម្បត្តិ ខេត្តតាកែវ និងស្ថានីយក្រសាំង ខេត្តកណ្តាល សរុបចំនួន ៣៥គ្រឿង ជូនទៅម្ចាស់រថយន្តយកទៅប្រើប្រាស់ឡើងវិញ និងបន្តសកម្មភាពចុះដោះលែងរថយន្តនៅតាមទីតាំងដែលបានឃាត់រក្សាទុកផ្សេងៗទៀត ជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់រថយន្តដែលបានដោះលែងមុនកាលកំណត់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ ពិសេសបើបន្តដឹកលើសទម្ងន់បែបនេះទៀត នោះនឹងប្រឈមមុខនឹងការពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗផងដែរ។

សូមបញ្ជាក់ដែរថា ការដោះលែងរថយន្តឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់នេះ គឺដោយសាររាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ បន្ទាប់ពីឃាត់រថយន្តទុក ១ឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ហេតុនេះដើម្បីជាការផ្តល់ឱកាសឱ្យគោរពច្បាប់បានម៉ឺងម៉ាត់ ហើយចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ និងក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចដោះលែងរថយន្តមុនកាលកំណត់ ជូនទៅម្ចាស់យកទៅប្រើប្រាស់ឡើងវិញ តាមរយៈលិខិតលេខ២៩១ សជណ.អស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងត្រូវធ្វើកិច្ចសន្យាឈប់ដឹកលើសទម្ងន់កម្រិតកំណត់បែបនេះបន្តទៀត។

ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់រថយន្តដែលបានដោះលែង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបស់ដឹកជញ្ជូនទំនិញនៅលើផ្លូវថ្នល់ នៃព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តទៅ ក្រសួងនឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយបន្ថែមវិធានការចំពោះយានយន្តល្មើស ដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយត្រូវពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ ទាំងពីរករណីព្រមគ្នា ស្របតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងសេចក្តីជូនដំណឹង ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកលើសទម្ងន់កម្រិតកំណត់៕

To Top