តព្រះវិហារ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន២ភូមិ ស្ថិតនៅក្នុងខេត្តព្រះវិហារ ។

ភូមិទាំង២មានដូចខាងក្រោម៖
ទី១. ភូមិឈ្មោះភូមិសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ មានផ្ទៃដីភូមិសរុប ២ ១០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ១ ៤៤៧ហិកតា, ផ្ទៃដីធ្វើកសិកម្ម ៦០៦ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៤៧ហិកតា ដែលមានខ្នងផ្ទះចំនួន ១៨០ខ្នង សើ្មនឹង ១៨៥គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍, មានមត្ដេយ្យសហគមន៍, មានស្ថានីយផលិតទឹកសហគមន៍, មានសហគមន៍តំបន់ការពារធម្មជាតិតាំយូរ ដែលផ្ដល់សក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិ។





ទី២. ភូមិឈ្មោះភូមិក្របៅ ស្ថិតនៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន មានផ្ទៃដីភូមិសរុប ៨៨១ហិកតា ក្នុងនោះផ្ទៃដីធ្វើកសិកម្ម ៦៧១ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ២១០ហិកតា ដែលមានខ្នងផ្ទះចំនួន ៣៨៥ខ្នង សើ្មនឹង ៤១៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដូចជាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវល្បាយក្រួសក្រហម, មានមត្ដេយ្យសហគមន៍, សាលាបឋមសិក្សា, មានស្ថានីយផលិតទឹកសហគមន៍, មានប្រភពទឹកសម្រាប់ស្រោចស្រពកសិកម្ម ដែលអំណោយផលដល់ការធ្វើស្រែ និងការធ្វើចំការ។



ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញជួបសំណេះសំណាលដោយបានពាំនាំ នូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្តធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃ ថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ទាំងពីរផងដែរ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទ ឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ដ្រី បានស្វែងយល់អំពីតម្រូវការនានា ដែលប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវការបន្ថែមទៀត ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើន ឆាប់រហ័សតាមផែនការគ្រោងទុក៕
