ព្រះវិហារ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលល្បាយក្រួសក្រហម១ខ្សែ និងវឌ្ឍនភាពការដ្ឋានសាងសង់ ស្ថានីយចែកចាយទឹកស្អាត តាមទុយោខ្នាតសហគមន៍ ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។


ស្ថានីយចែកចាយទឹកនេះ មានទំហំ ១៥,៤ម៉ែត្រ x ១៨,៧ម៉ែត្រ មានកម្ពស់៣ជាន់ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានបើកការដ្ឋានសាងសង់ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ មកដល់ពេលនេះសម្រេចបាន ១៤,៣២% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ។


ស្ថានីយចែកចាយទឹកនេះ មានសមត្ថភាពផលិតទឹកបាន ១ ២៩៦ម៉ែត្រគូប ក្នុង១ថ្ងៃ មប្រើដល់ប្រជាជន ក្នុងសហគមន៍ប្រមាណ ១៣០០ គ្រួសារ ស្មើនឹង ៥៨៩៧ នាក់។

លោករដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលល្បាយក្រួសក្រហម១ខ្សែ មានប្រវែង ១១,២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវចុងកៅស៊ូ ត្រង់ចំណុចច្រកចូលប្រាសាទប្រាំ ភូមិស្រយ៉ង់ជើង ទៅដល់ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន តបតាមការស្នើសុំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមបញ្ជាក់ផងដែរថា នៅលើកំណាត់ផ្លូវនេះ ត្រូវសាងសង់ផ្លូវគន្លងថ្មីប្រវែង ៥,៩គីឡូម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ ដែលជាផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋាន ប្រវត្តិសាស្ដ្រ ប្រាសាទកោះកេរ ដែលមានប្រាសាទប្រមាណ ៧០ប្រាសាទ ហើយត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈការលើកកម្រិតគុណភាពផ្លូវនេះ ត្រូវបានរំពឹងទុកថា នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានការកើនឡើងជារៀងរាល់ថៃ្ង ដែលបង្កលក្ខណៈងាយស្រួលដល់ទេសចរ៕



