ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន១៤៩រូប។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ក្នុងអគារMorgan Tower។

ក្នុងកិច្ចប្រជុំនោះ លោកប្រធានទ្វីប បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីក និងការថែរក្សារចនាសម្ព័ន្ធគណបក្សនៅគ្រប់ថ្នាក់ក្នុងប្រទេសគោលដៅដើម្បីបង្កើន និងរក្សាកិត្យានុភាពដ៏ឧត្តុង្គឧត្តមរបស់គណបក្សដែលបាននិងកំពុងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើនឥតឈប់ឈរក្រោមគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ការបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលករ កម្មសិក្សាការី និងសមាជិកគណបក្សក៏ជាកិច្ចការអាទិភាពដែលលោកប្រធានទ្វីប បានណែនាំដល់សមាជិកបក្សនៅតាមប្រទេសគោលដៅត្រូវប្រកាន់ខ្ជាប់ផងដែរ។

សូមបញ្ជាក់ថា ក្រោយទទួលបានជោគជ័យនិងការគាំទ្រពីពលរដ្ឋខ្មែរនៅតាមប្រទេសគោលដៅជាបន្តបន្ទាប់ គណបក្សសម្រេចកែសម្រួលឈ្មោះ និងពង្រីកវិសាលភាពឱ្យមកជាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍កាលពីឆ្នាំ២០២២ដែលទទួលបន្ទុកប្រទេសមួយចំនួនដែលរួមមាន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រថៃ ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី៕






