ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ

តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ។

ពិធីបុណ្យទន្លេ ដែលប្រារព្ធពិធីបើកនាឱកាសនេះ ជាបុណ្យ លើកទី៩ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាបុណ្យលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ។

ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ រដ្ឋបាលខេត្តតាកែវ បានសហការជាមួយក្រសួង ពាក់ព័ន្ធ មន្ទីរ អង្គភាព រួមនឹង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់ បានចូលរួមសហការរៀបចំ ឱ្យមានព្រឹត្តិការណ៍នានា ដូចជាការជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកទីរួមខេត្តតាកែវ ក្រោមប្រធានបទ «សេរីភាពនៃការជិះកង់» កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ការរត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ការដាំ ដើមឈើរួមគ្នា កីឡាប៉េតង់មហាជន កីឡាអុកចត្រង្គ កីឡារែក លោតមឹក កីឡាបាល់ទះមហាជន បាល់ទាត់មិត្តភាព កីឡាប៉ារ៉ាម៉ូទ័រ ប្រដាល់គុនខ្មែរ និងការជិះទូកកាយ៉ាកជាដើម ដែលបានបើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបាន ចូលរួមលេងកម្សាន្តរីករាយក្រោមម្លប់ នៃសុខសន្តិភាព។

ជាមួយគ្នានេះ ក៏មានរៀបចំពិព័រណ៍ផលិតផលពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម ផលិតផលក្នុងស្រុក ក្នុងតំបន់ និងតំបន់ទន្លេ នៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចស្របតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕

To Top