ព័ត៌មានជាតិ

សម្តេចធិបតី៖ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ មិនបាច់ទាល់តែធ្វើផ្លូវបេតុង រហូតធ្វើឱ្យរលុបបាត់ទ្រង់ទ្រាយធម្មជាតិឡើយ

តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់ទេសចរណ៍ បែបធម្មជាតិ មិនចាំបាច់ទាល់តែចាក់ផ្លូវបេតុងដល់កន្លែង ត្រឹមធ្វើផ្លូវដីឱ្យស្នើស្អាត ដែលមិនធ្វើឱ្យលុបនូវទ្រង់ទ្រាយលក្ខណៈសម្បត្តិទេសចរណ៍បែបធម្មជាតិនោះទេ ។

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅក្នុងការអនុវត្តជាក់ស្តែង តាមរយៈការលើកឡើងរបស់ ប្រធានធនាគារអភិវឌ្ឍអាស៊ី លើការចាប់អារម្មណ៍ លើសហគមន៍នេសាទនៅកែប គឺដូចជាអ្វីដែលរាជរដ្ឋាភិបាល បានគិតគូ ទៅលើ​សហគមន៍នៅខ្នងផ្សារ ទឹកផុះ ក៏ដូចជាគិតគូនៅកន្លែងផ្សេងៗជាដើម គឺធ្វើយ៉ាងណា ឱ្យសហគមន៍ទាំងនោះរួមគ្នា តាមរយៈការបង្កើនតូចៗ ដើម្បីផ្គុំគ្នាជាមាត្រដ្ឋាននៅនឹងកន្លែង ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ការជួយដល់សហគមន៍ទេសចរណ៍បែបធម្មជាតិនោះទៀតសោត ក៏មិនចាំបាច់ទៅធ្វើការអភិវឌ្ឍជាផ្លូវបេតុង ឬសំណង់អាគារខ្ពស់ៗ លើតំបន់ធម្មជាតិទាំងនោះដែរ ត្រូវរក្សាទម្រង់ទេសចរណ៍បែបធម្មជាតិ ទើបជាការទាក់ទាញ។

សម្តេចធិបតី មានប្រសាសន៍ថា “ដូចនៅភ្នំគូលែន ដូចនៅកន្លែងណាផ្សេង ព្រោះអភិវឌ្ឍន៍មិនបាច់ចាំ ទាល់តែមានន័យថា ធ្វើផ្លូវប៉េតុងទៅទេ ដូចនៅគូលែន បើសិនជាយើងហ៊ានទៅធ្វើបេតុងនៅលើនេះ គឺបាត់លក្ខណៈទាក់ទាញភ្លាម ផ្លូវលំបាក យើងឈូសឱ្យល្អ លក្ខណៈទុកផ្លូវដីចន្លោះមួយល្មម គាត់រក្សាធម្មជាតិដដែរ” ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន កន្លងទៅ ដែលបានគិតគូ លើការភ្ជាប់ជួយជំរុញដល់សហគមន៍ ជាពិសេសសហគមន៍មានសក្តានុពលផងដែរ៕

To Top