បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានលើកឡើងថា នៅលើលោកនេះ វាគ្មានប្រទេសណាមួយប្រកាន់ខ្ជាប់ លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ វាតែងតែមានបញ្ហានេះ បញ្ហានោះហើយ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេច ស ខេង បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមគ្គទេសក៏ឯកដ៏ឆ្នើម ក្នុងការដោះស្រាយបញ្ហានៅប្រទេសកម្ពុជា ពីការបែកដោយសារសង្គ្រាម រហូតដល់ប្រទេសកម្ពុជាមានសុខសន្ដិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ដែលបានដាក់ចេញ ហើយមានការគាំទ្រ និងចូលរួមរបស់ថ្នាក់ដឹកនាំផ្សេងៗទៀត ក៏ដូចជា មន្ដ្រីរាជការ ព្រមទាំង ប្រជាពលរដ្ឋផងដែរ។

សម្ដេច បន្ដថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ប្រទេសកម្ពុជា គ្មានសង្គ្រាមទៀតទេ ឬក៏អាចនិយាយថា «គ្មានកងកម្លាំងប្រដាប់ អាវុធណានៅក្រៅច្បាប់នោះទេ» គឺស្ថិតក្នុងការគ្រប់គ្រង់ដោយរាជរដ្ឋាភិបាល ដែលកើតមានចេញពីការបោះឆ្នោត។

សម្ដេច បន្ថែមថា ការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា យើងមានការខិតខំប្រឹងប្រែង ក្រោយការដឹកនាំ សម្ដេចតេជោ បានធ្វើឱ្យប្រទេសកម្ពុជា ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទោះបីមានអ្នករិះគន់ ហើយនៅលើលោកនេះ គ្មានប្រទេសណាមួយ ប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ល្អឥតខ្ចោះនោះទេ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ប៉ុន្ដែនៅលើលោកនេះ វាគ្មានប្រទេសណាដែលប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ល្អឥតខ្ចោះនោះទេ វាតែងតែមានបញ្ហានេះ បញ្ហានោះ។ យ៉ាងណាមិញ កម្ពុជា ដែលឆ្លងកាត់នូវការលំបាក នូវការបែកបាក យើងធ្វើបានប៉ុណ្ណឹងចាត់ទុកថា ជាជោគជ័យធំណាស់ ដែលយើងមិនអាចបំផ្លិចបាន»៕





